មនុស្ស ២នាក់ទៀត ដែលវិជ្ជមានជំងឺកូវីដ-១៩ ក្រោយប៉ះពាល់ដោយផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត ស្ដើង ជា ដែលទទួលមរណភាពនាពេលថ្មីៗនេះ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យទៅយកមនុស្ស ២នាក់ទៀត ដែលវិជ្ជមានជំងឺកូវីដ-១៩ ក្រោយប៉ះពាល់ដោយផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត ស្ដើង ជា ដែលទទួលមរណភាពនាពេលថ្មីៗនេះ ដោយសារជំងឺកូវីដ-១៩។

មន្ដ្រីសុខាភិបាលបានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិចថា ស្ដ្រីទាំង២នាក់ ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ-១៩នេះ មានម្នាក់អាយុ៧៧ឆ្នាំ ត្រូវជាប្រពន្ធរបស់លោកវេជ្ជបណ្ឌិត ស្ដើង ជា និងម្នាក់ទៀត អាយុ៦៩ឆ្នាំ ដែលរស់នៅផ្ទះជាមួយគ្នា ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ប៉ុន្ដែជាមួយគ្នានេះ មន្ដ្រីសុខាភិបាលបានអះអាងថា នៅមានមនុស្សម្នាក់ទៀតដែលឧស្សាហ៍ចេញចូលផ្ទះរបស់លោក ស្ដើង ជា ដែលនៅផ្ទះក្បែរនោះ ហើយមន្ដ្រីជំនាញកំពុងធ្វើការងារនេះ។

សូមបញ្ជាក់ថា លោកវេជ្ជបណ្ដិត ស្ដើង ជា បានទទួលមរណភាពនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដោយសារឆ្លងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ហៅពេទ្យរុស្សី)។ លោកគឺជាជនរងគ្រោះទី៤ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ហើយមកទល់ពេលនេះ ជនរងគ្រោះសរុប៥នាក់ដែលស្លាប់ដោយសារជំងឺនេះ។

សម្រាប់មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ មានអ្នកកើតជំងឺកូវីដ-១៩ ចំនួន៤២នាក់ ក្នុងនោះស្រី១៥នាក់។ ដោយឡែក ទីតាំងចំនួន២៤ដែលបានពាក់ព័ន្ធ ខណៈមនុស្សចំនួន១,១៦៥នាក់ ត្រូវបានកំណត់ឲ្យធ្វើចត្តាឡីស័ក៕

ព័ត៌មានជាតិ

Leave a Reply

Your email address will not be published. Required fields are marked *